Friday, January 13, 2012

បទ​អត្ថាធិប្បាយ​ ៖ ភូត​កុហក និង​​បោក​ប្រាស់​ គឺ​ជា​​យុទ្ធ​សាស្ត្រ​ របស់​​មេ​បក្ស​​កឹម សុខា

បទអត្ថាធិប្បាយ
ភូតកុហក និងបោកប្រាស់គឺជាយុទ្ធសាស្ត្រ
របស់មេបក្សកឹម សុខា

          លោក កឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់មួយរូប​​ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ចៅចាក់ស្មុក ដែលគ្មានទទួលបាន​​អ្វីជាការពិតនោះឡើយ។
ជាលទ្ធផលរំពឹងទុកនៅពេលខាងមុខ​​ មេបក្សប្រឆាំង​​រូបនេះ ​​បានត្រឹមតែគេប្រសិទ្ធនាមឱ្យថាជានាយករដ្ឋមន្ត្រីឧទាហរណ៍​​អស់​​មួយជីវិត​​តែ​​ប៉ុណ្ណោះ ពីព្រោះ​​ មានពេលខ្លះលោកកឹម សុខា គាត់ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ នេះគឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយ​​ប្រជាភិថុត កឹមសុខា ដែលបាន និងកំពុងយកមក​​អនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្មនិងបច្ចេកវិទ្យា​​ដ៏សំបូរបែបនាពេលបច្ចុប្បន្ន។
៣៣ឆ្នាំចាប់តាំងពីក្រោយថ្ងៃរំដោះ មករា ឆ្នាំ ១៩៧៩ និងគិតពីត្រឹម​​ឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួម​​ធ្វើ​​ការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យដើម្បីការប្រកួតប្រជែងគ្នាដោយតម្លាភាព  ដោយផ្ទាល់ដោយសម្ងាត់ដោយសេរីត្រឹមត្រូវ ​​ និងយុត្តិធម៌
មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារ​​ប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការ​​ផ្តល់សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃហើយសង្ឃឹមថា នឹង​​ទទួលបាននូវ​​ជោគជ័យ​​សម្រាប់​​អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់និងវាយប្រហារពីសំណាក់មេគណបក្សប្រឆាំង លោកកឹមសុខាមកលើការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ​​របស់រាជរដ្ឋាភិបាលសព្វថ្ងៃដែលបុគ្គលរូបនេះបាននិយាយបំផ្លើសថាខ្លួនគាត់កឹមសុខា ត្រូវបានគេ សូក សម្លុតនិងគេចង់សម្លាប់ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក។ បន្ថែមពីលើនេះលោក កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្នហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួចជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នងថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ   ជាងនេះទៅទៀត លោកកឹម សុខា ហាក់ដូចជាកំពុង​​ជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទាញ​​ ដោយជាញឹកញាប់លោកកឹម សុខាបានតាំងខ្លួនឯងជាមេដឹកនាំរដ្ឋាភិបាលក្រោមឈ្មោះថារដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស និងថារដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្សគាត់នឹងត្រូវធ្វើយ៉ាងនេះធ្វើយ៉ាងនោះហើយបាន​​អះអាងថានឹងចាយ​​វាយ​​ថវិការដ្ឋបែបណាមួយទៅតាម​​គោលនយោបាយរបស់គណបក្សខ្លួន ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែន​​មកលើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃប្រដូចទៅនឹងមនុស្សឆ្គួតនិងថែមទាំងបាន​​អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរ​​ចេញ​ ......។ល។និង។ល។
ការពោលពាក្យអសុរោះប្រមាថតាតទានមកលើរាជរដ្ឋាភិបាល​​ និងរមិលគុណចំពោះថ្ងៃរួចជីវិតរបស់ពលរដ្ឋកម្ពុជាពីរបបដ៏មហាឃោរឃៅរួមទាំងខ្លួនឯងម្នាក់ផងដែរក៏ជាជនដែលត្រូវប៉ុល ពតសម្លាប់បើរបបនោះបន្តអូសបន្លាយក្នុងពេលដ៏យូរបន្តិចទៀត​ ​ ប៉ុន្តែដោយសារកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះ​​ជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយរំដោះទើបខ្មែរគ្រប់រូបបានរួចជីវិត។ការរីករាយជាថ្មីនៅ​​លើដែនដីសន្តិភាពក៏បាននាំឱ្យលោក កឹមសុខា ​​ ក្លាយ​​​ជាប្រធានអង្គការមួយហើយចុងក្រោយនេះបាននិង​​កំពុងធ្វើជាមេបក្ស​​​នយោបាយប្រឆាំងមកដល់សព្វថ្ងៃគឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ​ ​ មករា ឆ្នាំ ១៩៧៩  នេះគឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រ
ម៉្យាងទៀតទៀត ការដែលលោក កឹម សុខាអះអាងថា រូបគាត់ត្រូវបានគេសូកប្រាក់សម្លុតនិងចង់សម្លាប់ដើម្បីបញ្ចប់ជីវិតនយោបាយនោះគឺជាការប្រឌិតព័ត៌មានភូតកុហក់ទាំងស្រុង​​ ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យក​​ឈ្នះចាញ់ជាមួយ​​អ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ទិញទឹកចិត្តដោយប្រការណាមួយឡើយពីព្រោះគ្រប់គ្នាគឺជាមនុស្សមិនមែនជាទំនិញទេ ហើយក៏មិនធ្លាប់សម្លុតគំរាមសម្លាប់ចំពោះលោក កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលចង់ឃើញគណបក្សប្រឆាំងមានឥទ្ធិពលជាងនេះទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំង។
យ៉ាងណាម៉ិញការដែលលោក កឹម សុខា ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនា​​​​ពេលកន្លងមកគឺដោយសាររូបគាត់ប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍និងជេរប្រមាថ មកលើថ្នាក់ដឹកនាំដែលសេចក្តីសំរេចនោះគឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យមិនមែនដូចការលើកឡើងរបស់លោក កឹមសុខា ឡើយ

ហេតុអ្វីបានជាលោក កឹម សុខាភូតភរខ្លួនឯងនិងបំភ័ន្តសាធារណមតិ បោកប្រាស់ប្រជាពលរដ្ឋ ហើយធ្វើខ្លួនជាអ្នកនយោបាយមិនទទួលស្គាល់នូវការពិតបែបនេះ​ ? និងសួរថាតើលោកកឹម សុខា បានរួមចំណែកអ្វីខ្លះដើម្បីកសាងឱ្យមានសន្តិភាពដូចសព្វថ្ងៃ ?  ចំលើយកឹម សុខា មិនបានជួយធ្វើអ្វីសោះឡើយសំរាប់​​នាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រទេសផ្ទុយទៅវិញបាន​​យកថ្ងៃ៧មករា ធ្វើជាសត្រូវរបស់ខ្លួនថែម​​ទៀត។ ក្រៅពីនេះ​ ​ គឺរាល់ថ្ងៃ លោក កឹម សុខា គិតតែពីការដើរជេរធ្វើជាអាជីពនយោបាយរបស់ខ្លួន​​ ដើម្បីស្វែករកប្រជាប្រីយភាពនៅពីក្រោយសន្តិភាពដែលបានមកដោយ​​កម្រ។

ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថាលោកកឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ក្នុងនោះមានដូចជាការសន្យាឱ្យប្រាក់ខែលោកយាយ លោកតាក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់លោកជាប់ឆ្នោត។ សន្យាថានឹងដាក់ធ្មេញមាសឱ្យចាស់ៗគ្រប់គ្នាសន្យាថានឹងដឹកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនទូទាំងប្រទេសទៅលេងសហរដ្ឋអាមេរិកសន្យាថាធានាទិញត្រកូន ស្តៅព្រលឹតកំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា មិនឱ្យពលរដ្ឋខ្មែរណាម្នាក់អត់ការងារធ្វើទេ គឺគ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជាអ្នកមានទាំងអស់គ្នាបានដែរ។ ក្រៅពីនេះលោក កឹម សុខាបានសន្យាថា នឹងយកបទពិសោធន៍តាមគំរូរបស់ប្រទេសអូស្ត្រាលីនៅពេលដែលស្ត្រីឆ្លងទន្លេ កើតបានកូនមួយលោកសន្យាថាម្នាក់ៗត្រូវទទួលបានប្រាក់ឧបត្ថម្ភ៥០ម៉ឺនរៀលនិងការសន្យាជាច្រើនទៀត។ល។និង។ល។

ឧបាយកលភូតកុហក់របស់លោក កឹមសុខាបានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវ​​ព័ត៌មានអំពីមេបក្សរូបនេះលួចមានប្រពន្ធចុងជាច្រើននាក់  និងការចាយវាយលុយជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផងដែរ។ ដូច្នេះសួរថាត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយលោក កឹមសុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយចុះទម្រាំបានដឹកនាំប្រទេសវិញគាត់មានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហា​​​ដែលខ្លួនបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរដែលប្រជាពលរដ្ឋមិនយល់ស្របតាមទេ។
ក៏ប៉ុន្តែទោះជាយ៉ាណាក៏លោក កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេគឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុក ក្រោមលេសថាបើសិនជាលោក​​ជាប់ឆ្នោតតែប៉ុណ្ណោះ ការសន្យានេះបានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំងនិងថ្លែងថាកោតតែមេដឹកនាំបក្សនយោបាយមួយមានគំនិតរាក់កំភែលបែបនេះហើយហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយគួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយនិងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់មានគោលនយោបាយត្រឹមត្រូវដែលបាន​​រៀបចំឡើងដោយពហុមតិនិងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាពបូកផ្សំជាមួយនឹង​​កត្តាប្រវត្តិ​​សាស្ត្រដើម្បីយកមកធ្វើជាបទពិសោធន៍  ត្រីវិស័យនិងជាមាគ៌ាសំរាប់​​ដើរឆ្ពោះទៅមុខ​​ ប៉ុន្តែលោក កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិនោះឡើយគឺលោកមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ​​ ដូច្នេះការដឹកនាំបក្សតាមអារម្មណ៍រវើរវាយរបស់លោក កឹម សុខា  គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង​​របស់ប្រជាពលរដ្ឋបានទេ ផ្ទុយទៅវិញទង្វើបែបនោះនឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀត​​​នូវឥរិយាបថចោលម្សៀតនោះ
ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសនឹងមិនជឿតាមការឃោសនាបោកប្រាស់របស់លោក កឹមសុខា នោះឡើយ ពីព្រោះសព្វថ្ងៃពួកគាត់ បាននិង​​កំពុងរស់នៅជាមួយសន្តិភាពស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​​  ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបាន​​រួចជីវិតពីរបបបនប្រល័យ​​ពូជសាសន៍ប៉ុល ពត​​ គឺគ្រប់គ្នាបានអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះថ្ងៃរំដោះ៧មករាឆ្នាំ ១៩៧៩ប៉ុន្តែ បែរជាគណបក្សសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងថ្ងៃជ័យជំនះនោះទៅវិញ
ទង្វើរបស់លោក កឹម សុខា គឺខុសគ្នាស្រឡះអំពីឥស្សរភាពនៃជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជាដែលបានយកអាយុជីវិតធ្វើជាដើមទុនដើម្បីតស៊ូរហូតកម្ពុជាមាននូវសន្តិភាពនិងមាន​​អ្វីៗដូចសព្វថ្ងៃ សម្តេចបាន​​ប្រកាន់យកនូវទស្សនៈដ៏ថ្លៃថ្លាមួយឃ្លា គឺ «ពិសាទឹកកុំភ្លេចប្រភពទឹក» ប៉ុន្តែ លោក កឹម សុខា និងគូកនមួយចំនួនបាននិងកំពុងធ្វើខ្លួនជាសត្វក្រពើដ៏កាចសាហាវនិងរមិលគុណ​​ លោក កឹម សុខា បានយកការភូតកុហក់ក្នុងការដឹកនាំនយោបាយរបស់ខ្លួនដើម្បីតែបំរើ​​មហិច្ឆតាប្រឆាំងដ៏ងុបងល់តែប៉ុណ្ណោះ​​
 លោក កឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយ​​ក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយពុលទឹកមាត់ជា​​នាយករដ្ឋមន្ត្រីឧទាហរណ៍​​អស់មួយជីវិត ឬក៏​​​ជាមេបក្សស្ទាត់ជំនាញខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ

ដោយៈ គង់សម្បត្តិ

No comments:

Post a Comment