Wednesday, August 08, 2012

សម្តេចហ៊ុនសែន៖ អ្វីដែលរដ្ឋាភិបាលធ្វើក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម គឺបន្តពីសម្តេចសីហនុ

មួយថ្ងៃមុនពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ត្រូវ​ធ្វើបទអន្តរាគមន៍ នៅក្នុងរដ្ឋសភា នាព្រឹកថ្ងៃ ទី៩សី​ហា ឆ្នាំ២០១២ សម្តេចប្រមុខរដ្ឋាភិបាល ពីខេត្តកំពង់ធំ បាន​​ប្រកាសថា ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម គឺ​រដ្ឋា​ភិបាលរបស់សម្តេចពេលនេះ ធ្វើទៅតាមអ្វីដែល​បាន​បន្សល់ទុកពីសម្តេចព្រះនរោត្តម សីហនុ ប៉ុ​ណ្ណោះ។

ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំ ទៅកាន់ក្រុងព្រះវិហារ ប្រវែង ១២៨ គីឡូម៉ែត្រ នាព្រឹក​ថ្ងៃទី៨សីហា ឆ្នាំ២០១២សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "កន្លងមក ការឆ្លើយបំភ្លឺ ធ្វើ​ជាលាយលក្ខណ៍អក្សរ តែលើកនេះ ត្រូវឆ្លើយបំភ្លឺ​ដោ​យ​ផ្ទាល់ ហើយប្រហែលជា ៤ម៉ោង មិនគ្រប់ទៅទៀត ព្រោះត្រូវការបញ្ចាំងស្លាយ បញ្ចាំង​ឯក​សារ រៀបរាប់​អត្ថាធិប្បាយ។ ប្រហែលជា ៤ម៉ោង នៅស្ទើរក៏មិនដឹង។ អីចឹងហើយ ជាម្សិលមិញ ខ្ញុំត្រូវ​ធ្វើការដល់ម៉ោង ២។ យប់មិញ ខ្ញុំត្រូវធ្វើការដល់ម៉ោង ៩ ដើម្បីរៀបចំទាំងអស់។ និយាយគ្នាឲ្យច្បាស់ម្តង ដើម្បីជៀសវាង..."។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា "គេវ៉ៃហ៊ុនសែន ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់​សម្តេចព្រះ នរោត្តម សីហនុ នោះ ព្រោះអ្វីដែលហ៊ុនសែន ធ្វើ គ្រាន់តែជាការយកអ្វីដែលសម្តេចព្រះ នរោត្តម សីហនុ បន្សល់ទុកតែប៉ុណ្ណោះ។ ទាំងបញ្ហាព្រំដែនសមុទ្រ ទាំងបញ្ហាព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដ ដែលគេវ៉ៃ គឺវ៉ៃហ៊ុនសែន តែសម្រាប់ទិសដៅ គឺវ៉ៃសម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារភាពត្រឹមត្រូវរបស់គេ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០។ រហូតដល់តាក់តែងបទចំរៀង។ ស្អែក​ខ្ញុំនឹងអានបទចំរៀង លាម៉ែទៅធ្វើទាហាន ស្រណោះរៃយំ ភ្នំពពារខែ និងស្រណោះដីខ្មែរ ស្តេចលក់​ឲ្យយៀកកុង ជាដើម"។ 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានទាញការសន្និដ្ឋានថា "នៅពេលនេះ ព្រួយមួយរបស់ក្រុមប្រឆាំងរដ្ឋាភិបាល បាញ់បានសត្វពីរ។ ព្រួញមួយបាញ់រាជរដ្ឋាភិបាល និងព្រួញមួយទៀត បាញ់លើរាជបល្ល័ង្គ ព្រោះនរណាសោយ​រាជ្យ​បច្ចុប្បន្ន គឺព្រះរាជបុត្ររបស់អតីតព្រះមហាក្សត្រ។ អ៊‌ីចឹងយើងត្រូវជម្រះបញ្ជីគ្នាម្តង នៅក្នុងរដ្ឋសភា"។

ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏ថ្លែងចំអកទៅកាន់បក្សប្រឆាំងថា នៅថ្ងៃទី៩សីហា ឆ្នាំ២០១២ នៅពេលសម្តេចចូលបំភ្លឺរដ្ឋសភានោះ តំណាងរាស្ត្របក្សប្រឆាំង នឹងមិនត្រៀមរៀបចំ ដើម្បីដើរ​ចេញ​ពីរដ្ឋ​សភាទេ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានលើកឡើងពីការប្រជុំរបស់គណបក្សប្រឆាំង កាលពីថ្ងៃទី៣សីហា ដើម្បី​ត្រៀមរៀបចំដើរចេញពីរដ្ឋសភាទេ ព្រោះអ្វីដែលសម្តេច មានប្រសាសន៍ក្នុងរដ្ឋសភា នឹងមិនស្មើនឹងការ​ទិតៀន​របស់​បក្សប្រឆាំង ដែលរិះគន់សម្តេចថា ជនក្បត់ជាតិនោះទេ។

សម្តេចប្រមុខរដ្ឋាភិបាលក៏បានចំអកថា បើសិនជាសមាជិកសភា ដើរចេញពីរដ្ឋសភា នៅថ្ងៃស្អែក ទី៩សីហា ឆ្នាំ២០១២ សមាជិកសភាបក្សប្រឆាំងត្រូវយកដៃបិទភ្នែក ឬក៏យកកន្សែងចងភ្នែក និងយកសំឡីញ៉ុកឲ្យជិត ដើម្បី​កុំ​ឲ្យឃើញ និងកុំឲ្យលឺ នូវអ្វីដែលសម្តេចបានធ្វើអន្តរាគមន៍ក្នុងរដ្ឋសភា។ នោះគឺសម្តេចនឹងលើកឡើង ចង្អុល​បង្ហាញ​ពីប្រវត្តិសាស្ត្រកម្ពុជា ផែនទី តាំងពីជំនាន់កូសាំងស៊ីននៅឯណា? អាណាមនៅឯណា? ហើយ​ខ្មែរ​នៅឯ​ណា?។

ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ក្រុមនិស្សិត ដែលកំពុង​បំពេញការងារ​វាស់វែងដីធ្លី នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស នៅថ្ងៃទី៩សីហា ឆ្នាំ២០១២ មិនចាំបាច់ទៅវាស់វែងដីធ្លីទេ ត្រូវ​ប្រមូលផ្តុំគ្នា តាមដានតាមទូរទស្សន៍ ដែលមានការផ្សាយបន្តផ្ទាល់វិទ្យុ និងទូរទស្សន៍គ្រប់ប៉ុស្តិ៍ ដើម្បីស្តាប់​នូវបទ​អន្តរាគមន៍របស់សម្តេច នៅក្នុងរដ្ឋសភា ស្តីពី បញ្ហាព្រំដែនកម្ពុជា និងវៀតណាម។ កន្លែងណា ដែល​មិន​អាច​រកទូរទស្សន៍បាន គឺត្រូវស្តាប់វិទ្យុ។ មន្ត្រីរាជការណាទៅធ្វើការ ក៏ត្រូវអង្គុយស្តាប់ដែរ។ តាមហាងគុយទាវ និង​ទីសា​ធារណៈ បេនឡានមួយចំនួន ត្រូវរៀបចំការផ្សាយបន្តផ្ទាល់នោះ ដោយយើងត្រូវនិយាយឲ្យច្បាស់ ព្រោះ​នាយក​រដ្ឋ​មន្ត្រី ត្រូវឆ្លើយបំភ្លឺដោយផ្ទាល់នៅរដ្ឋសភា។ នេះជាការរៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរ ទាក់ទង​នឹងរឿងទល់ដែន៕

No comments:

Post a Comment