(ការប្រមាថអាយុជីវិតប្រមុខរដ្ឋស្តីទី ដូចជាប្រមាថជាតិខ្មែរ)
ព្រឹទ្ធសភាបដិសេធព័ត៌មានអំពីមរណភាពរបស់លោកជា ស៊ីម
ប្រភព: RFI ( August 6, 2012 )
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានប្រាប់អ្នកកាសែត នៅរសៀលថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១២នេះថា ការលេចឮព័ត៌មានថា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទទួលមរណភាព គឺជារឿងមិនពិត ហើយថា បច្ចុប្បន្ននេះ លោកជា ស៊ីម ដែលមានអាយុ ៧៩ ឆ្នាំ មានសុខភាពល្អ និងកំពុងប្រតិបត្តិមុខងារ ជាប្រមុខរដ្ឋស្តីទី។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកដំណឹងមរណភាពរបស់លោកជា ស៊ីម ថា ជាការប្រឌិត ដែលគេបង្កើតឡើង ដើម្បីធ្វើឲ្យសាធារណមតិច្របូកច្របល់ប៉ុណ្ណោះ។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងខណៈដែលមានការចុះផ្សាយដំណឹងតាមហ្វេសប៊ុក នៅថ្ងៃចន្ទនេះ ដោយលើកឡើងថា លោក ជា ស៊ីម បានទទួលមរណភាព ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ គេឃើញលោក ជាស៊ីម មានបញ្ហាសុខភាព និងអវត្តមានច្រើន នៅក្នុងពិធីសាធារណធំៗមួយចំនួន ដូចជា ថ្ងៃខួបបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨មិថុនា។
យ៉ាងណាក៏ដោយ ប្រភពស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លោក ជា ស៊ីម បានទៅព្យាបាលជាប្រចាំ នៅប្រទេសសិង្ហបុរី ដោយត្រូវលាងឈាមផងដែរ។
កាលពីចុងខែមុន ក៏ធ្លាប់មានដំណឹងពីបញ្ហាសុខភាពមិនល្អរបស់មន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលម្នាក់ដែរ គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែរដ្ឋាភិបាល បានចេញប្រកាសច្រានចោលនូវដំណឹងនេះ ហើយថា លោកសុខ អាន បានជាសះស្បើយវិញហើយ៕
No comments:
Post a Comment