បទបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង៥ម៉ោង បានធ្វើឱ្យបក្សប្រឆាំងភ្លឺភ្នែក និងពលរដ្ឋនៅទូទាំងប្រទេសយល់ច្បាស់ អំពីបញ្ហាព្រំដែនកម្ពុជា‑ វៀតណាម
នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១២នេះ សម្តេចតេជោហ៊ុន សែន បានធ្វើបទបង្ហាញអំពីការងារបោះបង្គោលព្រំដែនកម្ពុជា‑ វៀតណាម ដែលមានរយៈពេលប្រមាណជាង៥ម៉ោង ដោយបានពន្យល់យ៉ាងក្បោះក្បាយបំផុត ឆ្លើយតបទៅនឹងសំនួរ របស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលបានធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងដោយការបោះបង្គោលព្រំដែន។
នៅក្នុងរដ្ឋសភាជាតិ សម្តេចតេជោ ជាមួយនឹងការកោតសរសើរអំពីភាពក្លាហានរបស់ម្ចាស់សំនួរ ដែលបាននៅស្តាប់ការបក ស្រាយតាំងពីដើមរហូតដល់ចប់នោះ សម្តេច បានចាត់ទុកលោកសុន ឆ័យ ថាបាន ធ្វើការចោទសួរត្រឹមត្រូវជា អ្នកតំណាងរាស្ត្រ គ្រាន់បើជាងមេបក្សរបស់ខ្លួនដែលធ្វើបំពានច្បាប់ ដោយទៅដកតម្រុយបង្គោលព្រំដែនដោយខ្លួនឯង ហើយរត់នីរទេសខ្លួនបាត់។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចមិនអាចទទួលយកបានទេនូវការចោទប្រកាន់របស់បក្សប្រឆាំងដែលថា សម្តេចជាជនក្បត់ជាតិ ពីព្រោះរហូតមកដល់ពេលនេះពុំមានទឹកដីខ្មែរ ឬភូមិខ្មែរណាមួយត្រូវបានបាត់បង់នោះទេ ហើយបើនិយាយអំពីបញ្ហាព្រំដែនទឹកវិញ គឺក្រុមការងារនៃប្រទេសទាំងពីរមិនទាន់បានដោះស្រាយគ្នាចប់ ដើម្បីឈានទៅដល់ការកំណត់បែងចែកគ្នានៅឡើយទេ ដូច្នេះ ការចោទថា បាត់ព្រំដែនទឹកជាង១ម៉ឺនគីឡូម៉ែត្រការ៉េទៅប្រទេសវៀតណាមនោះគឺជារឿងមិនពិតទេ គឺអ្នកចោទសួរធ្វើជាមិនយល់អំពីបញ្ហានេះ ហើយបើទោះបីជាខំបកស្រាយពន្យល់នូវការពិតយ៉ាងណាក៏ដោយ ក៏សម្តេចដឹងច្បាស់ថា ពួគេមិនទទួលស្គាល់ការពិតដែរពីព្រោះ វាបានក្លាយទៅជាចរិតនយោបាយដាច់ណាត់របស់បក្សប្រឆាំងទៅហើយ។
ផ្ទុយទៅវិញតាមរយៈការធ្វើបទបង្ហាញនេះ គឺមហាជនបានដឹងថា ផ្ទៃក្រឡារបស់ប្រទេសកម្ពុជាអាចមិនមែនមានត្រឹមតែ ១៨១,០៣៥គីឡូម៉ែត្រក្រឡានោះទេ គឺនឹងកើនឡើងរហូតដល់ប្រមាណ១៨១,៦០៦ គីឡូម៉ែត្រក្រឡាឯណោះនេះបើតាមការគណនារបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា។ ប៉ុន្តែសម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះយើងប្រើផ្ទៃក្រឡា១៨១,០៣៥គីឡូម៉ែត្រក្រឡាជាបណ្តោះអាសន្នសិន រហូតដល់ការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ឡាវ និងថៃបានបញ្ចប់សព្វគ្រប់សិន យើងនឹងប្រើផ្ទៃ ក្រឡាថ្មី។
សម្តេចតេជោ បានមានប្រសាសន៍ថា ការចោទប្រកាន់ពីការបាត់បង់ទឹកដីដោយក្រុមបក្សប្រឆាំង គឺជាការវាយប្រហារខាងនយោបាយ គឺជាការញុះញង់បំភ័ន្តប្រកបដោយគ្រោះថ្នាក់ បង្កឱ្យមានអស្ថិរភាពផ្ទៃក្នុងប្រទេស ដែលការចោទប្រកាន់នេះ ក៏ជាការប្រមាថដល់ប្រជាពលរដ្ឋ និងកងកម្លាំងរាប់ម៉ឺននាក់ដែលរស់នៅតាមតំបន់ព្រំដែនផងដែរ។ អ្វីដែលក្រុមប្រឆាំងបានចោទ គឺក្នុងចេត នាចង់អះអាងពីភាពត្រឹមត្រូវនៃការធ្វើរដ្ឋប្រហាររបស់លន់ ណុល ទម្លាក់សម្តេចនរោត្តម សីហនុ ។ បញ្ហាដែលបានចោទប្រកាន់ គឺជាអ្វីដែលបានកើតឡើងពីអតីតកាលវាបានចម្លងចូលមកក្នុងបច្ចុប្បន្នកាលនេះ។
ក្នុងការធ្វើបទបង្ហាញ សម្តេចតេជោ បានលើកឡើងនូវទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្ត្រ ជាវគ្គៗ លំអិតទាំងបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ ជាមួយនឹងការបង្ហាញផែនទីយ៉ាងច្បាស់លាស់ ជាពិសេស គឺការគណនាផ្ទៃក្រឡាដីដែលនឹងត្រូវដោះស្រាយដើម្បីឈានទៅដល់ការឯកភាពគ្នាដោះដូរភូមិ ឃុំ នៅតាមតំបន់ព្រំដែន គឺការងារនេះត្រូវធ្វើឡើងដោយតម្លាភាពបំផុត។
ដោយថ្លែងសំដៅជម្រះនូវភាពមិនច្បាស់លាស់ទាំងឡាយសម្តេចតេជោ មានប្រសាសន៍ថា « ខ្ញុំជំពាក់ ត្រូវតែនិយាយ ពីព្រោះឯកឧត្តម លោកជំទាវបានបង្ខំខ្ញុំឱ្យនិយាយ ហើយសូមកុំទៅបោកប្រាស់គេទៀត..»សម្តេចតេជោ បានបញ្ជាក់ថា ការងារបោះបង្គោលព្រំដែននេះ គឺរាជរដ្ឋាភិបាល អនុវត្តត្រឹមត្រូវតាមផែនទីដែលបារាំងបានបន្សល់ទុក « នេះជាមរត៌កនៃប្រវត្តិសាស្ត្រដែលកម្ពុជាបានទទួលពីបារាំង។ ដោយឡែកបញ្ហាទឹកដីកម្ពុជាក្រោម សម្តេចបានមានប្រសាសន៍ថា សិទ្ធិទាមទារ ទឹកដីពីដូនតា ដីកម្ពុជាក្រោមត្រូវបានផុតរលត់ទៅហើយ។ជាមួយគ្នានេះ សម្តេច បានស្តីបន្ទោស ដល់លោក ស៊ាន ប៉េងសែ នៅស្រុកបារាំង ដែលសម្តេចថា ក្រុមនេះជាក្រុមកាកសំណល់បង្ករឿង ដែលពូកែខាងរិះគន់ ការពិតគឺ ពួកនេះពូកែខាងកាន់ផែនទីរត់តែប៉ុណ្ណោះ.។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផែនទី និងស្ថានភាពដីជាក់ស្តែងគឺមានលក្ខណៈមិនដូចគ្នាទេ។ ការងារបោះបង្គោលព្រំដែនដែលសម្រេចបាន គឺអនុវត្តតាមផែនទីខ្នាត ១លើ១០០ពាន់ ដោយឡែកចំពោះការងារដែលមិនទាន់ចុះសម្រុងគ្នា ភាគីទាំងពីរនិងបន្តធ្វើសវនកម្មបន្ថែមទៀត។
សម្តេច បានសង្កត់ធ្ងន់ថា បើរាជរដ្ឋាភិបាលជាអាយ៉ងមែននោះ មិនចាំបាច់ទៅចរចារជាមួយគេ នោះទេ គឺតាមគេទាំងអស់ហើយ ប៉ុន្តែបញ្ហានេះ រាជរដ្ឋាភិបាលមិនបានធ្វើដូច្នោះទេ គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារជាតិ ទឹកដី មិនអាចត្រូវបានគេចោទថា ជាជនក្បត់ជាតិទេ ដូច្នេះ សូមឱ្យប្រជាពលរដ្ឋវិនិច្ឆ័យក្នុងរឿងនេះចុះ។
កន្លងមកពួកក្រុមបក្សប្រឆាំង បានធ្វើការបរិហាររិះគន់មកលើរាជរដ្ឋាភិបាលថា បានបណ្តោយឱ្យប្រទេសជិតខាងរំកិលព្រំប្រទល់ដែន មានពេលខ្លះគេចោទថា មួយថ្ងៃគេរំកិលចូល១គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ទៅ១០០‑២០០គីឡូម៉ែត្រ ។ សម្តេច បានថ្លែងថា បើដូច្នោះមែន ម៉្លេះសមព្រំដែនកម្ពុជានឹងទៅដល់ស្វាយស៊ីសាផុន ហើយទីក្រុងភ្នំពេញ នឹងជាដីរបស់វៀតណាមអស់ហើយ។
ជារួមបទបង្ហាញរបស់សម្តេចតេជោ គឺជាការទះកំភ្លៀងយ៉ាងចាស់ដៃទៅលើលោក សុន ឆ័យ ជាពិសេស គណបក្សប្រឆាំងដែលតែងតែយកបញ្ហាព្រំដែនធ្វើអាជីវកម្មនយោបាយជាប់រហូតមក នោះ គឺអាចនឹងត្រូវសាបរលាបអស់នូវឥទ្ធិពលបន្ទាប់ពីបានដឹងឮនូវការពិតតាមរយៈការបំភ្លឺនេះ ដែលត្រូវបានផ្សព្វផ្សាយតាម វិទ្យុចំនួន១០១ស្ថានីយ៍ និងទូរទស្សន៍ក្នុងស្រុកចំនួន១៣ស្ថានីយ៍នៅទូទាំងប្រទេសកម្ពុជា។



No comments:
Post a Comment